មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឯកឧត្តម ផាន់ ចាន់ ធុល រដ្ឋលេខាធិការក្រសួង និងជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ពិសេសមន្ត្រីមានសមត្ថកិច្ច ត្រូវបង្កើនរក្សាការពារ សន្តិសុខ រួមដោះស្រាយលើសេវាបំរើ និងសេវាតម្រូវការជូនពលរដ្ឋ អោយបានទាន់ពេលនិងអោយអស់កង្វល់។
ការថ្លែងនិងលើកឡើងរបស់មន្ត្រីក្រសួងបែបនេះបានធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញប្រកាសលោក កង វិណ្ណារ៉ូ និង លោកលឹម សៀងហេង ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តែងតាំងលោក ម៉ែន ចាន់រ៉ា ជាអភិបាល នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោក ស្រី ជាអភិបាល អភិបាលរងស្រុក ក្រុង និងលោកមេឃុំ ចៅសង្កាត់ ក្នុងខេត្តផងដែរ។
ឯកឧត្តមបានបញ្ជាក់ថាការផ្ទេរភារកិច្ច នឹងចូលកាន់តំណែង មន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ក្រសួង ហើយមន្ត្រីដែលត្រូវផ្ទេរ និងចូលកាន់មុខតំណែងថ្មីនៅថ្ងៃនេះដែរ ក៏មិនមានមន្ត្រីណាម្នាក់មានកំហុសឆ្គង ផ្នែករដ្ឋបាលអ្វីនោះដែរ នេះគឺជាកិច្ចការរបស់ក្រសួងនិមួយៗត្រូវអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល សំដៅស្វែងរកមន្ត្រីដែលមានសមត្ថភាពបន្តធ្វើការដឹកនាំ និងធ្វើកិច្ចការអភិវឌ្ឍន៍ និងការពារសន្តិសុខលើដែនដីខេត្តតែប៉ុណ្ណោះ។
ទាក់ទងទៅនិងការងារសន្តិសុខ ពិសេស (បទឆបោក) ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលបង្ក្រាប នៅទូទាំងប្រទេស ឯកឧត្តមរដ្ឋលេខាធិការក្រសួង បានជំរុញដល់មន្ត្រីមានសមត្តកិច្ច និងរដ្ឋបាលមូលដ្ឋានត្រូវ បន្តស្រាវជ្រាវ អោយបានស៊ីជំរៅ ដើម្បីវែករកមុខសញ្ញា យកមកធ្វើការផ្តន្ទាទោស ខណៈដែល(បទឆបោក)ឥឡូវនេះបានបំបែករូបភាពតូចៗ ធ្វើនៅតាមមូលដ្ឋានដែលពួកគេអាចធ្វើបានហើយគ្មានការ សង្សយ័ពីមជ្ឈដ្ឋានពលរដ្ឋ ។
ដើម្បីបង្កើនជំនឿពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តម រដ្ឋលេខាធិការក្រសួង បានជំរុញដល់គណះអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងអស់លោក ដែលរាជរដ្ឋាភិបាលផ្តល់ទំនុបចិត្ត និងប្រកាសអោយចូលកាន់មុខតំណែងថ្មីថ្ងៃនេះ ត្រូវធ្វើការសាមគ្គី ឯកភាពផ្ទៃក្នុង និងសហការជាមួយ មន្ទីរ អង្គភាព អោយបានទូលាយ ដើម្បីរួមដោះស្រាយរាល់សេវាតម្រូវការ និងសេវាបម្រើឲ្យបានទាន់ពេលវេលា ខណៈដែលពួកគាត់មករកការគាំទ្រពីរដ្ឋបាលខេត្ត ស្រុក ក្រុង របស់យើង បន្តដោះស្រាយរាល់វិវាទផ្សេងៗពាក់ព័ន្ធទៅនឹងដីធ្លី និងជីវភាពឱ្យបានសមរម្យនិងទទួលយកបានទាំងសងខាងទៅតាមលទ្ធភាពដែលរដ្ឋបាលឃុំ ស្រុក និងខេត្ត អាចធ្វើបាន ។
ចាម សុខា














