សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុករមាសហែក។
ស្ថិតក្នុងពិធីជួបសំណេះសំណាលនាឪកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលរដ្ឋទាំងអស់ដែលបានរងគ្រោះ ដោយ ខ្យល់ព្យុះបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិកន្លងមក។
សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែឈរនៅលើគោលការណ៍មនុស្សធម៌ ដោយ «មិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយ ឬគ្មានទីជម្រក ដោយសារតែអាជ្ញាធរមិនបានដឹង ឬមិនបានដោះស្រាយនោះឡើយ» ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ បានជួយសម្រាលនូវការលំបាកចំពោះមុខ បានមួយរយះពេលតូច ដើម្បីផ្ដល់ឱកាសដល់បងប្អូនបន្តធ្វើការងារបង្ករបង្កើនផលនិងចិញ្ចឹមសត្វសម្រាប់បម្រើជីវភាពទៅថ្ងៃខាងមុខតែប៉ុណ្ណោះ។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា «ទោះបីជាគ្រោះធម្មជាតិយើងមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិតបាន តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព» ។
តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន ៥ស្រុក-ក្រុង នៅខេត្តស្វាយរៀង ដែលរងការខូចខាតដោយសារភ្លៀង លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់ ចំនួន ២៤២ខ្នង នៅស្រុកកំពង់រោទិ៍ ៥ខ្នង ស្រុកស្វាយទាប ៣៣ខ្នង ស្រុករំដួល ៤ខ្នង ស្រុករមាសហែក ៨៣ខ្នង និងក្រុងស្វាយរៀង ១១៧ខ្នង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
គេហទំព័ររំដួលស្វាយរៀង




