គ្រឿងញៀនគ្រប់ប្រភេទ រួមនិងសម្ភារៈវេចខ្ចប់ចំនួន១៥៣គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តធ្វើការដុតបំផ្លាញចោល ដែលពិធីនេះបានប្រព្រឹត្តទៅនៅសង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមប៉េងពោធិសាអភិបាលខេត្តស្វាយរៀង។
បន្ទាប់ពីលោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អានរបាយការណ៏លទ្ធផលអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងអានសារ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃ ២៩ខែមិថុនា ឆ្នាំ ២០២៦ ជាបន្តបន្ទាប់មក ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍សំណេះសំណាល ដោយសំដែងនូវការកោតសរសើរ ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានអនុវត្តប្រយុទ្ធប្រឆាំងទប់ស្កាត់ ការធ្វើចរាចរណ៍ និងការចែកចាយប្រើប្រាស់គ្រឿងញៀនបានល្អនៅក្នុងភូមិសាស្ត្រខេត្ត។
ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តមប៉េង ពោធិសា បានជំរុញដល់មន្ត្រីជំនាញនិងផ្នែកពាក់ព័ន្ធពិសេសរដ្ឋបាលមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយ ឲ្យបានទូលាយ ដើម្បីឲ្យពលរដ្ឋបានយល់ពី វិបត្តិនៃការប្រើប្រាស់គ្រឿងញៀន សំដៅឱ្យពលរដ្ឋ ពិសេសយុវជនដើរអោយបានឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនដែលសង្គមកម្ពុជា ពិសេសនៅក្នុងខេត្តស្វាយរៀង បាននិងកំពុងរងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនគួរឲ្យចាប់អារម្មណ៍។
ពីអង្គវេទិកាដុតបំផ្លាញគ្រឿងញៀននាឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិសា ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធពិសេសក្មួយៗយុវជន ដែលមកចូលរួមក្នុងពិធីដុតបំផ្លាញ គ្រឿងញៀននៅថ្ងៃនេះត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងបន្តផ្សព្វផ្សាយផលវិបាកនៃការបើប្រាស់ គ្រឿងញៀន ជូនដល់មិត្តភក្កិឲ្យបានទូលាយហើយក៏ចូលរួមធ្វើការទប់ស្កាត់ចរាចរណ៍គ្រឿងញៀនក្នុងករណីភូមិឋានរបស់បងប្អូនមានបទប្រើប្រាស់និងចែកចាយ ត្រូវជូនដំណឹងដល់មន្ត្រីមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីបញ្ចៀសភូមិឋានគ្មានអំពើហិង្សាតាមរយៈប្រើប្រាស់គ្រឿងញៀន។ ចាម សុខា








