សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញ
ជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា នៃសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ (សាខាទី១៦) ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងមន្ទីរ អង្គភាព ពាក់ព័ន្ធសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលនិងសិស្សនុសិស្សយ៉ាងច្រើនកុះករផងដែរ។
យោងតាមរបាយការណ៍របស់ ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃបណ្តាញ គ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិនគ្រុប បានបញ្ជាក់ថា សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ បានចាប់ផ្តើមពីឆ្នាំ២០០៨ ដែលមានសិស្សត្រឹម ៦០០នាក់ និងបុគ្គលិក ៧០នាក់ បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លារហូតដល់ ៣០សាខា ដោយមានបុគ្គលិកសរុបជាង ១ពាន់៦០០នាក់ និងសិស្សានុសិស្សជាង ១៦ពាន់នាក់។ ឧកញ៉ាក៏បានលើកឡើងអំពីការនាំយក នូវចំណេះដឹងថ្មីៗពីបទេសមកបញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលាពាក់ព័ន្ធនឹងកម្មវិធីបំណិនជីវិត និងឌីជីថល រួមជាមួយនឹងចក្ចុវិស័យដ៏វែងឆ្ងាយសម្រាប់វិនិយោគលើវិស័យអប់រំនៅកម្ពុជា។
ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបាន គូសបញ្ជាក់ថា ការទទួលបានការបណ្តុះបណ្តាលនៅវេសឡាញ មិនគ្រាន់តែទទួលបានចំណេះនោះទេ តែនឹងទទួលបានទាំងការអភិវឌ្ឍ ក្រមសីលធម៌ វិជ្ជាជីវៈ គុណធម៌ ចរិយាធម៌ប្រកបដោយគុណភាព។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧកញ៉ា ប៉ិច បូឡែន ដែលបានសម្លឹងឃើញអំពីសក្តាលនុពលលើវិស័យអប់រំនិងបានសម្រេចចិត្តវិនិយោគបង្កើតជាសាលានៅក្នុងខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងពិធីសម្ពោធនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន ព្រមទាំងគណៈគ្រប់គ្រងនៃ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានពង្រីកវិសាលភាពវិនិយោគ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិមកកាន់ខេត្តស្វាយរៀង។ សម្តេចបានបន្តទៀតថា ការបង្កើតសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង គឺជាការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសដល់កុមារ និងយុវជននៅក្នុងខេត្ត និងតំបន់ជិតខាងឱ្យទទួលបានការអប់រំតាមស្តង់ដារ អន្តរជាតិប្រកបដោយបរិយាកាសសិក្សាទំនើប គ្រូបង្រៀនមានសមត្ថភាព និង កម្មវិធីសិក្សាដែលផ្តោតលើការអភិវឌ្ឍចំណេះដឹង ជំនាញសីលធម៌ ភាពជាអ្នក ដឹកនាំ និងការត្រៀមខ្លួនជាពលរដ្ឋសកលស្របតាមតម្រូវការនៃសតវត្សទី២១។ សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿថា សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង នឹង ក្លាយជាគ្រឹះស្ថានអប់រំគំរូមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ធនធាន មនុស្សប្រកបដោយគុណភាពសម្រាប់ខេត្តស្វាយរៀង និងប្រទេសជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចនូវបានផ្តាំផ្ញើ បន្ថែមនូវចំណុចគន្លឹះមួយចំនួន ដូចខាងក្រោម៖
•១. គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់៖ សូមបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពអប់រំជាប្រចាំ។ ក្រៅពីការផ្តល់ ចំណេះដឹង បច្ចេកវិទ្យា និងភាសាបរទេស ត្រូវរួមគ្នាបណ្តុះបណ្តាលក្មួយៗ សិស្សានុសិស្សឱ្យមាន “វិន័យ សីលធម៌ គុណធម៌ និងស្មារតីស្នេហាជាតិ”។ ត្រូវធ្វើឱ្យសាលារៀន ក្លាយជាកន្លែងផ្តល់នូវចំណេះដឹងផង និងជាថ្នាលបណ្តុះ បណ្តាលពលរដ្ឋល្អសម្រាប់សង្គមជាតិផង។
២. មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស៖ បន្តចូលរួមសហការ និងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយសាលារៀន ដើម្បី អប់រំ និងការកសាងអនាគតរបស់កូនៗ មិនមែនជាតួនាទីរបស់សាលាតែ មួយមុខនោះទេ គឺទាមទារដាច់ខាតនូវការតាមដានជំរុញ និងផ្តល់ភាពកក់ក្តៅ ពីសំណាក់ឪពុកម្តាយនៅក្នុងរង្វង់គ្រួសារផងដែរ។
ចាម សុខា










