ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧ បណ្ណ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ ភូមិមរតក សង្កាត់ចេក ក្រុងស្វាយរៀង
នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៧ បណ្ណ ស្មេីនិង១៦៤គ្រួសារ ជូនដល់អតិថិជនគម្រោងដីឡូតិ៍ ភូមិមរតក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការក្រសួងរៀបចំដែនដី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធ និងគម្រោងដីឡូតិ៍ភូមិមរតក ដែលកន្លងមកបានផ្តល់នូវការសហការផ្តល់ព័ត៌មានទាំងឯកសារ និងសំណុំរឿងជុំវិញករណីនេះ មកដល់អាជ្ញាធរដើម្បីជាយានឈានទៅដល់ការដោះស្រាយជូនដល់បងប្អូនទៅតាមលទ្ធភាពជាក់ស្តែង។ ជាមួយគ្នានេះជុំវិញករណីដីឡូតិ៍ភូមិមរតកដែលនៅសេសសល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ គឺតែងតែគិតគូយកចិត្តទុកដាក់ដោះស្រាយតាមសាច់រឿងនីមួយៗ ទាំងផ្នែកទិដ្ឋភាពច្បាប់ និងការសម្រួលក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះថ្នាក់ដឹកនាំក្រសួងដែនដី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធតែងតែរកគ្រប់វិធីក្នុងដោះស្រាយបញ្ហាដែលកើតមានកន្លងមក ហើយទទួលលទ្ធផលល្អជាជំហ៊ានៗ ដូចដែលយើងបានឃេីញសម្រេចចេញជាលទ្ធផល និងបានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធស្របច្បាប់ចំនួន២០៧បណ្ណជូនដល់បងប្អូនពូមីងនៅថ្ងៃនេះ ហើយការងារនេះ និងបន្តធ្វើជាជំហានបន្តបន្ទាប់ទៀតនៅពេលខាងមុខ។





ដកស្រង់អត្ថបទ និងរូបភាពដោយរដ្ឋបាលខេត្តស្វាយរៀង
