សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដាំកូនឈើ ចំនួន២ពាន់ ២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ បន្ថែមចំនួន១៦ពាន់ដើម ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង៨របស់ខេត្តស្វាយរៀងដើម្បីដាំបន្តតាមទីសាធារណៈសាលារៀន វត្តអារាម ផងដែរ ។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀងបានលើកឡើងបញ្ជាក់ថា សកម្មភាពដាំកូនឈើនៅថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាទាំងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងការវិនិយោគជាមួយនឹងការការពារបរិស្ថាន។ ឯកឧត្តមបានបន្តថា យើងមិនអាចជ្រើសរើសរវាង សេដ្ឋកិច្ច និងបរិស្ថាននោះទេ ប៉ុន្តែត្រូវធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនដោយមិនប៉ះពាល់បរិស្ថាន នឹងធ្វើឲ្យការវិនិយោគក្លាយជាការជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។
ថ្លែងមានប្រសាសន៏នាឪកាសនោះសម្តេចកិត្តិសង្គហបណ្ឌិតបាននាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមកជួបជុំប្រារព្វពិធីដាំកូនឈើបង្កើតគម្រប់បៃតងបញ្ជៀសបានការសាយភាពឧស្មន័ពុលចេញពីតំបន់ឧស្សាហកម្មនៅថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើសម្រាប់ការដាំដុះក្នុងថ្ងៃនេះ និងថ្លែងអំណរគុ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៅកម្ពុជា ដែលបានជួយសម្របសម្រួលជាមួយ លោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងបានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជកាទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានដើម្បីរៀបចំដាំកូនឈើថ្ងៃនេះប្រកបដោយស្មារតីចូលរួមកែលម្អបរិស្ថាននៅតំបន់នេះ។
សម្តេចបានបន្តទៀតថា «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និងក្លាយជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»។ ទន្ទឹមនិងនោះដែរសម្តេចបានអំពាវនាវដល់មន្ត្រីរាជការ កងកំលាំង និងបងប្អូនពលរដ្ឋ បន្តដាំដើមឈើ ដើម្បីបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀង ក៏ដូចជាការចូលរួមចំណែកលើកស្ទួយ នូវវប្បធម៌ដ៏ប្រសើរ ដែលជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព៕










