ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាស លោក ឈឹម បុរស ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ជំនួសលោក សំ នីតូ ដែលត្រូវបញ្ចប់មុខតំណែង ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្ទីរពាក់ពន្ធ័ លោក អភិបាល អភិបាលរងស្រុក ក្រុង ក្នុងខេត្តផងដែរ ។
ថ្លែងមានប្រសាសន៏នាឪកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានសំដែងនូវការកោតសរសើរ ចំពោះ មន្ត្រីថ្នាក់ដឹកនាំមន្ទីរ តាមរយះការណែនាំបន្ថែមរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តស្វាយរៀង បានចូលរួមធ្វើការសម្រេចបាននូវសមិទ្ធផល លើប្រពន្ធ័គមនាគមន៏ ដែលជាចំណែកនៃគោលនយោបាយរាជរដ្ឋាភិបាលឆ្ពោះទៅអភិវឌ្ឃន៏ជាតិ តាមរយះការចូលរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការកន្លងមក ។
ទន្ទឹមនិងនោះ ឯកឧត្តមរដ្ឋមន្ត្រី នូវបានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ លោក សំ នីតូ អតីតប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាផ្លូវថ្នល់ អណ្ដូងទឹក បង្គន់អនាម័យ ការងារអភិវឌ្ឍន៍សហគមន៍ នៅតាមតំបន់ជនបទ និងក្រុង ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ថែរក្សាកេរដំណែលជាប្រវត្តិសាស្រ្ត ដែលកសាងឡើងដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ជាពិសេសការពារសេចក្តីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយការដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល), ក្រោមបាវចនា៖កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវធ្វើការសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីសម្រេចបានជោគជ័យ និង មានប្រសិទ្ធភាព តម្លាភាព ស័ក្តសិទ្ធភាព ក្រោមចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។
ចាម សុខា






