សម្តេចម៉ែនសំអនអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ យុទ្ធនាការបោះឆ្នោតគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ «គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការបក្សខេត្តស្វាយរៀង» ដើម្បីត្រួតពិនិត្យ ណែនាំ និងពង្រឹងផែនការសកម្មភាពឆ្ពោះទៅកាន់ការងារបោះឆ្នោតឱ្យទទួលបានលទ្ធផលជោគជ័យ ដែលពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។
បន្ទាប់ពីអង្គពិធីតាមដាន ស្តាប់របាយការណ៍សង្ខេបរបស់ ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ស្តីពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតថ្នាក់ខេត្ត និងមតិបំពេញបន្ថែមរបស់ ឯកឧត្តម លោកជំទាវជាក្រុមការងារចុះជួយស្រុកគោលដៅ ស្តីពីការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្តិសុខ និងសុវត្ថិភាពខ្ពស់ជាបន្តបន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៏សំណេះសំណាលដោយ បាននាំបណ្តំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ដោយក្តីនឹករលឹក និងជូនពរជ័យជូនចំពោះសមាជិក សមាជិកានៃអង្គពិធីទាំងអស់ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀងនាពេលកន្លងមកទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធិភាព សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ដូចខាងក្រោម៖១. ត្រូវបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ភូមិ ឃុំ/សង្កាត់។២. ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយបញ្ហានានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។៣. ត្រូវខិតខំផ្សព្វផ្សាយ និងពន្យល់ណែនាំអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។៤. ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយសេចក្តីថ្លៃថ្នូរ និងរក្សាបាននូវបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ និងសុវត្ថិភាពល្អប្រសើរ៕ភា សារិត

Leave a Reply

Your email address will not be published. Required fields are marked *