ខេត្តស្វាយរៀងប្រារព្វពិធីដាំឈើអបអរសាទរុក្ខទិវា៩កក្កដាឆ្នាំ២០២៦

    កូនឈើប្រភេទបេង គគីរ ក្ងោក លឿងរាជ ឈើទាល និងកូន ក្រញូង ចំនួន ប្រមាណជិត១ពាន់ដើម ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងរដ្ឋបាលស្រុករំដួល នាំយកទៅដាំអបអរសាទររុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តក្តីកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងក្រោមវត្តមាន ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង និងមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ បងប្អូនពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្ត្រីរដ្ឋបាលឃុំ និងក្មួយៗសិស្សានុសិស្ស នៅតាមវិទ្យាល័យ និងសាលាបឋមសិក្សានានាក្នុងឃុំផងដែរ ។
   ថ្លែងមានប្រសាសន៍ក្នុងពិធីដាំកូនឈើអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ក្នុងនាមក្រុមប្រឹក្សាខេត្តឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានសម្ដែងអបអរសាទរចំពោះ មន្ទីរកសិកម្ម រដ្ឋបាលស្រុករំដួល ពិសេសព្រះសង្ឃ ដែលបានរៀបចំប្រារព្ធពិធីរុក្ខទិវាដាំកូនឈើឆ្នាំ២០២៦នៅបរិវេណវត្តនេះ។
   ឯកឧត្តមបានបញ្ជាក់ថា រុក្ខទិវា  ជាទិវាជាតិដែលតែងតែប្រារព្ធពិធីដាំដើមឈើតាមព្រះរាជកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុនាទសវត្សទី៦០ និងជាបន្តបន្ទាប់ទិវានេះបានក្លាយជា ពិធីបុណ្យដាំដើមឈើជារៀងរាល់ឆ្នាំហើយប្រារព្វនៅទូទាំងប្រទេស ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះស្វាយរៀងបានរៀបចំដាំដើមឈើនៅទីនេះជានិមិត្តរូបនៃរុក្ខទិវាប្រចាំឆ្នាំ។
  ទន្ទឹមនិងនោះដែរ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមប៉េង ពោធិសា បានអំពាវនាវដល់ពលរដ្ឋទូទាំងខេត្តត្រូវរួមគ្នាដាំដើមឈើម្នាក់អោយបានមួយដើម នឹងការពារដើមឈើដែលបានដាំហើយ ឱ្យបានគង់វង្សសម្រាប់ប្រើប្រាស់ជាសម្បត្តិសាធារណៈ ពិសេសបង្កើតគម្របបៃតង ផ្ដល់ឱ្យមនុស្សសត្វជ្រកស្នាក់នៅនិងបង្ហាញឱ្យក្មេងជំនាន់ក្រោយស្គាល់ប្រភេទឈើប្រណិតដែលមាននៅកម្ពុជា។
   តាមរបាយការណ៍ស្វាគមន៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ដែលអានដោយលោកសុខ សុទ្ទាវុធ ប្រធានមន្ទីរកសិកម្មបញ្ជាក់ឲ្យដឹងថា រុក្ខទិវាឆ្នាំ២០២៦នេះ ស្វាយរៀងបានរៀបចំពិធីដាំកូនឈើលើទំហំដី ២ ហិចតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តនិងតាមគ្រួសារពលរដ្ឋ។ ចាម សុខា

Leave a Reply

Your email address will not be published. Required fields are marked *